ការប្រកួតអង្ករល្អជាងគេថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ នៅកម្ពុជា
ការប្រកួតអង្ករល្អជាងគេថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ នៅកម្ពុជា
នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ នៅសហព័ន្ធស្រូវអង្ករកម្ពុជា មានរៀបចំការប្រកួតអង្ករដែលមានគុណភាពល្អជាងគេ ប្រចាំឆ្នាំ២០១៨ តាមប្រភេទអង្ករស អង្ករក្រអូប និងអង្ករក្រអូបប្រណីត។
ការប្រកួតនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព របស់លោកឧកញ៉ា វង្ស ប៊ុនហេង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដោយមានការចូលរួមវាយតម្លៃពីគណៈកម្មការ ដែលមានសមាសភាពចូលរួមពីចុងភៅនៃសហព័ន្ធចុងភៅកម្ពុជា តំណាងក្រុមហ៊ុនត្រួតពិនិត្យគុណភាព (CCIC, OMIC) តំណាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា។
ការប្រកួតនេះ មានការដាក់សំណាកអង្ករចូលរួមប្រកួតពីវិទ្យាស្ថានCARDI និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាសហគមន៍កសិកម្ម រោងម៉ាស៊ីន កិនស្រូវ និងអ្នកនាំចេញ ចំនួន២២ និងមានសំណាកអង្ករសរុបចំនួន២៨។
សម្រាប់ការវាយតម្លៃផ្តោតលើ លក្ខណៈសម្បត្តិអង្ករនៅមុនពេលចម្អិន (សពោះ ភាពបាក់ ទំហំ ពណ៌) និងក្រោយចម្អិន (ភាពភ្លឺរលោង ភាពស្អិតរមួត រសជាតិ ក្លិន ភាពងាយក្នុងការបរិភោគ)។